កំពតៈ សមាគមលើកកម្ពស់គុណភាពម្រេចកំពតបានឲ្យដឹងថា ផលម្រេចសម្រាប់ឆ្នាំ២០១២ របស់សមាគនេះត្រូវបានក្រុមហ៊ុនបញ្ជាទិញជិតអស់ហើយ។
កាលពីថ្ងៃសៅរ៍សមាគមបានចុះកិច្ចព្រមព្រៀងលក់ម្រេចចំនួន៤តោន បន្ថែមទៀត ជាមួយក្រុមហ៊ុនចំនួន១៦ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងលក់ម្រេចចំនួន១៤តោនកាលពីខែ មុន។ នេះបើតាមប្រធានសមាគមលើកកម្ពស់ម្រេចកំពត។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឲ្យដឹងថា៖ «គេមកដាក់កក់បន្ថែមទៀត ហើយយើងក្តាប់បានថា តាមទិន្នន័យ៦តោនគេយកអស់ប្រមាណ៤តោនទៅហើយ»។
ផលម្រេចសម្រាប់ឆ្នាំ២០១២ នឹងត្រូវប្រមូលផលចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំក្រោយនេះទៅ។
លោក ងួន ឡាយ រំពឹងថានៅឆ្នាំ២០១២ បរិមាណផលម្រេចដែលសមាគមប្រមូលបាននឹងមានចំនួន ២០តោន កើនលើសឆ្នាំ២០១១ ដែលមានតែ១៦តោន ហើយកំណើននេះ កើនលើសឆ្នាំ ២០១០ ចំនួន១០០ភាគរយ ដែលកាលនោះមានត្រឹមតែ១០តោនប៉ុណ្ណោះ។
លោកបន្តថា ការកើនឡើងនៃបរិមាណផលនេះ ព្រោះទំហំដីនៃការដាំដុះកើនឡើង។
លោក និយាយថា នៅឆ្នាំ២០១២ ផ្ទៃដីដាំដុះនឹងមានដល់២០ ហិកតា ដែលមានដើមម្រេចឲ្យផលជាង ២៧ ០០០ គុម្ព។ ការដាំម្រេចបានកើនឡើងពី ១៩ ០០០គុម្ព កាលពីឆ្នាំ២០០៩-២០១០ រហូតទៅដល់ប្រមាណ២៧ ០០០គុម្ព ដែលមានផ្ទៃដីដាំដុះ៩,៧៥ហិកតា ហើយឆ្នាំ ២០១០-២០១១ ផ្ទៃដីដាំដុះបានកើនដល់១២ ហិកតា។
លោកបន្តថា រដូវប្រមូលផលនឹងចាប់ផ្តើមនៅខែមករា រហូតដល់ខែឧសភា ជារៀងរាល់ឆ្នាំ។
លោក ងួន ឡាយ បានឲ្យដឹងថា ក្រុមហ៊ុនចំនួន១៦បានបញ្ជាទិញម្រេចរបស់ប្រជាកសិករ សម្រាប់លក់នៅទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារបរទេស។
មកដល់ពេលនេះ សមាគមលើកកម្ពស់ម្រេចកំពតមានសមាជិកពេញសិទ្ធិមានចំនួន ១២៩គ្រួសារ ក្នុងចំណោម ១៨៥គ្រួសារ ដែលបានដាំថ្មីៗ និងត្រៀមដីដាំបន្ថែម។
ម្រេចកំពតបានទទួលសញ្ញាប័ត្រសំគាល់ភូមិសាស្រ្ត (GI)ក្នុងខែមេសាឆ្នាំ២០១០។
តាមលោក ងួន ឡាយ តាមរយៈកិច្ចសន្យា ដែលបានចុះហត្ថលេខារួចជាមួយក្រុមហ៊ុនទាំង១៦ នោះ ម្រេចខ្មៅលក់បានតម្លៃ៨ដុល្លារក្នុងមួយគីឡូក្រាម ដោយកើនលើសឆ្នាំមុន១ដុល្លារ។ ចំណែកម្រេចស និងក្រហមលក់ក្នុងតម្លៃ ១៥ដុល្លារមួយគីឡូក្រាមដដែល។
លោកនិយាយថា៖ «យើងព្យាយាមលក់លើកកម្ពស់ម្រេចខ្មៅព្រោះយើងទទួលផលម្រេចខ្មៅ រហូតដល់ជាង៧០ភាគរយនៃទិន្នផលសរុប។ បើម្រេចខ្មៅឡើងដល់ជាង១០ដុល្លារក្នុងមួយគីឡូក្រាម យើងមិនចាំបាច់រកមុខរបរអ្វីផ្សេងនោះទេ»។
អ្នកស្រី ហ៊ីម អាណា នាយិកាក្រុមហ៊ុន Bright Starling Holdings Co. ដែលមានចម្ការម្រេចនៅខេត្តកំពត និងមួយឆ្នាំៗទិញម្រេចពីសមាគមចំនួន៣តោន និយាយថា ផលិតផលមួយចំនួនធំបានលក់ចែកចាយនៅទីផ្សារក្នុងស្រុកតាមផ្សារ ទំនើប ហើយមួយចំនួនទៀតបាននាំទៅទីផ្សារប្រទេសអាមេរិក អូស្រ្តាលី ដាណឺម៉ាក និងកាណាដា។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថាទីផ្សារខាងក្រៅល្អ មានការគាំទ្រល្អព្រោះវាមានគុណភាពល្អ។ ភ្ញៀវខ្លះមកពីជប៉ុនថាថ្លៃ តែភ្ញៀវមកពីអឺរ៉ុបអត់ដែលថាទេ»។
អ្នកស្រីបន្តថា ម្រេចខ្មៅមានតម្លៃជាង៣០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់តម្លៃទីផ្សារក្រៅប្រទេស និង៥០ដុល្លារសម្រាប់ម្រេចស និងក្រហម៖ «វាមានតម្លៃខ្ពស់ព្រោះក្រុមហ៊ុនចម្រាញ់យកប្រភេទល្អលេខ១ទៅ លក់ ពោលគឺមិនអាចទិញភ្លាមយកទៅលក់បាននោះទេ»៕
ដកស្រង់ចេញពី By Phnom penh post News
0 comments:
Post a Comment